0

គេ​ចាំ​មើល​ថា​តើ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ចាត់វិធានការ​បែប​ណា​ទៅ​លើ​ឧកញ៉ា សុខ គង់ ដែល​ជា​ឈ្មួញ​ស្និទ្ធ​ចំពោះ​ភ័ស្តុតាង​រឿង​លួច​ផ្លាស់ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ប្រវត្តិសាស្ត្រ​អោយទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ខ្លួន​នោះ !

ថ្មីៗ​នេះ​ព័ស្តុតាង​បានបង្ហាញ​កាន់តែច្បាស់ ! ពី​រឿង​មេ​ឈ្មួញ​ហ៊ាន​លួច​ផ្លាស់​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ប្រវត្តិសាស្ត្រ​អោយ ក្លាយទៅជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា សុខ គង់ ឈ្មួញ​ស្និទ្ធ​នឹង​រាជរដ្ឋាភិបាល​កម្ម​ជា​នោះ ។​
​គេ​បាន​ឃើញ​នា​ឱកាស​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ថ្មីៗ​នេះ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ការចាប់អារម្មណ៍ និង​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុមហ៊ុន សុខា អូ​តែ​ល (Sokha Hotel Co.,Ltd.) មាន​លោក​ឧកញ៉ា សុខ គង់ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ដែល​បាន​សម្រេច​ប្តូរ​ឈ្មោះ «​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» ហើយ​ការផ្លាស់ប្តូរ​ឈ្មោះ​ថ្មី​នេះ​ក៏​បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល និង​បញ្ចេញ​ចំណាត់ការ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥​បណ្ឌិត​សភា​ចារ្យ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង ដោយ​បុរស​ខ្លាំង​សម្រេច​មិនឲ្យ​មាន​ការផ្លាស់ប្តូ​រ​ឈ្មោះ​ថ្មី​ទេ គឺ​រក្សា​ឈ្មោះ​ដើម​ដដែល ពីព្រោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ជា​តំបន់​ប្រវត្តិសាស្ត្រ ។​

​មិនតែប៉ុណ្ណោះ គេ​បាន​ឃើញ​ព័ស្តុតាង​ជាច្រើន​បានបង្ហាញ​ថា មុន​ពេល​ក្រុមហ៊ុន Sokha Hotel Co.,Ltd. មាន​លោក​ឧកញ៉ា សុខ គង់ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ដោយមាន​នា​មក​រណ៍​សាខា​ក្រុមហ៊ុន​នៅ​ខេត្ត​កំពត​ឈ្មោះ ឋានសួគ៌​បូកគោ (Thansur Bokor) ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​រមណីយដ្ឋាន​ភ្នំ​បូកគោ ពី​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​នា​ឆ្នាំ​២០០៨ សម្រេច​ប្តូរ​ឈ្មោះ «​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» នោះ គឺ​ក្រុមហ៊ុន Sokha Hote បាន​ស្នើសុំ​ផ្លាស់ប្តូរ​នា​មក​រណ៍​សាខា​ក្រុមហ៊ុន​របស់​ខ្លួន​ជា​មុន​នៅ​ក្រសួង​ពាណិជ្ជកម្ម​ពី​នា​មក​រណ៍​ចាស់ «​ឋានសួគ៌​បូកគោ​» ទៅ​ជា​នា​មក​រណ៍​ថ្មី «​សុខា​ឋានសួគ៌​» និង​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​អនុញ្ញាត​ចុះបញ្ជី​នូវ​ការប្តូរ​នា​មក​រណ៍​នេះ តាម​លិខិត​លេខ​០៥៨៦​ព​ណ​.​ចបព ចុះ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧ ។​

​ជាងនេះទៅទៀត អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ឋាន​សួគ៌បូកគោ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាបថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ​រមណីយដ្ឋាន​សម្រេច​ប្តូរ​ឈ្មោះ​ពី «​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» មកជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​» ។ លើសពីនេះ ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា «​ថ្នាក់ដឹកនាំ និង​បុគ្គលិក​នៃ​រមណីយដ្ឋាន​សុខា​ឋានសួគ៌​មាន​សេចក្តី​រីករាយ និង​រំភើប​យ៉ាងខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​នេះ ។ …» ។​

​ដោយឡែក បន្ទាប់ពី​មាន​ប្រតិកម្ម និង​ចំណាត់ការ​របស់​បុរស​ខ្លាំង​ដែល​តម្រូវ​ឲ្យ​រក្សា​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ដូចដើម​នោះ ទើប​ក្រសួង​បរិស្ថាន​បាន​ចេញ​សេចក្តីបំភ្លឺ​មួយ​លេខ​៩៣៥​ស​ជណ​.​ប​ស្ថ ចុះ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៧​បញ្ជាក់​អះអាងថា រមណីយដ្ឋាន​ភ្នំ​បូកគោ​ដែល​មាន​ទីតាំង​ឋិត​នៅក្នុង «​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​» នៅ​តែ​រក្សា​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដដែល ដោយ​មិន​មាន​ការផ្លាស់ប្តូរ​ទៅ​ឈ្មោះ​ផ្សេង​ឡើយ ។​

​តាម​ក្រុម​អ្នកច្បាប់​ឯករាជ្យ និង​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លើកឡើង​ថា ដោយសារ​នៅពេល​ចុះ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន Sokha Hotel Co.,Ltd. លើ​ការប្រគល់សិទ្ធិ​វិនិយោគ​រមណីយដ្ឋាន​ភ្នំ​បូកគោ​នោះ មិន​បាន​តម្រូវឲ្យ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ត្រូវតែ​ដាក់ឈ្មោះ «​បូកគោ​» ភ្ជាប់​នឹង​ឈ្មោះ​រមណីយដ្ឋាន ទើប​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ អាច​ធ្វើ​ការផ្លាស់ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ស្រេច​នឹង​ចិត្ត​ឲ្យស្រប​ទៅ​តាម​នា​មករណ៍​របស់​ក្រុមហ៊ុន​ខ្លួន​ដែល​ទើប​ផ្លាស់​ប្តូរ​ថ្មី ។ មានន័យ​ថា មន្ត្រី​រាជរដ្ឋាភិបាល​មាន​ភាពខ្វះ​ចន្លោះ ឬ​ធ្វេសប្រហែស​លើ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឈ្មោះ​រមណីយដ្ឋាន ។​

​បើ​តាម​ក្រុម​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ជាតិនិយម​បាន​បញ្ចេញ​ទស្សនៈ​ថា ផ្អែក​លើ​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិ​របស់​ក្រុមហ៊ុន Sokimex Group ក៏​ដូចជា​ក្រុមហ៊ុន Sokha Hotel របស់​លោក​ឧកញ៉ា សុខ គង់ ព្រមទាំង​ទិដ្ឋភាព​ជាក់ស្តែង​ជាច្រើន​ដែល​កើតឡើង​នៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ក្រោយ​ការ​ចូល​ខ្លួន​ដាក់ទុន​វិនិយោគ​របស់​ក្រុមហ៊ុន Sokha Hotel នោះ គឺ​លោក​ឧកញ៉ា សុខ គង់ មាន​ចេតនា​កែប្រែ​ប្រវត្តិសាស្ត្រ​ទឹក​ដី​ភ្នំ​បូកគោ​នៃ​ខេត្ត​កំពត ប្រទេស​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ការ​លុបឈ្មោះ «​បូកគោ​» ចេញ​ពី​ឈ្មោះ​រមណីយដ្ឋាន និង​បញ្ចូល​ឈ្មោះ «​សុខា​» ជា​ឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​ប្រើ​ជា​ឈ្មោះ​រមណីយដ្ឋាន​ទាំងមូល​វិញ ។ ប្រការ​នេះ​ហើយ​ដែល​តម្រូវឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ធ្វើ​ការប្រុ​ង​ប្រយ័ត្ន​គ្រប់ពេលវេលា​រាល់​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​នានា ដែល​មាន​លុយកាក់​មហាសាល ។​

​មាន​ការលើកឡើង នឹង​សរុបសេចក្តី​មក នេះ​គឺជា​ព័ស្តុតាង​កាន់តែច្បាស់​ហើយ​ដែល​បង្ហាញឲ្យឃើញថា រឿងរ៉ាវ​ផ្លាស់ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ក្លាយទៅជា​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា សុខ គង់ ដែល​ជា​ឈ្មួញ​មាន​ទ្រព្យសម្បត្តិ​មហាសាល និង​ស្និទ្ធ​យ៉ាង​ខ្លាំង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​បុរស​ខ្លាំង​ជា​ប្រមុខ និង​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ក្រុម​ប្រជាពលរដ្ឋ​បានលើកឡើង​រិះគន់​យ៉ាងខ្លាំងៗ​ទៅលើ​មេ​ឈ្មួញ​លោក សុខ គង់ អគ្គនាយក​ក្រុមហ៊ុន Sokimex Group​ថា​៖ (​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​អស់​ជាច្រើន​ឆ្នាំ​ទល់​សព្វថ្ងៃ​) និង​ក្រុមហ៊ុន Sokha Hotel (​ជា​ក្រុមហ៊ុន​ធ្លាប់​កើប​លុយ​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​អស់​ជាច្រើន​ឆ្នាំ​) ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤៩៥/៣៧ ចុះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៩៥ ថា​៖ ជា​ក្រុមហ៊ុន​ដែល​រកស៊ី​មិនល្អ​ទាល់តែសោះ​ច្រើនតែ​គិត​កេង​កោរ​លើ​ក្បាល តែ​លើ​ខ្នង​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន​មិន​ធម្មតា​នោះទេ ! រហូតមកដល់​ពេលនេះ ក្នុងនាម​ជា​មេ​ឈ្មួញ​ស្និទ្ធ​និង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងចំណោម​ឧក​ញ៉​ស្និទ្ធៗ​រាប់​សឹបរូប​ជាច្រើន​នាក់​ទៀ​តដែល​គេ​ពុំ​ឃើញ​ពី​សកម្មភាព​កេង​កោរ គៃបំបាត់​ពន្ធ​រដ្ឋ និង​ធ្វើ​សកម្មភាព​ផ្លែ​កៗ​រំលោភ​លើ​វត្ថុ​បុរាណ្យ​ដែល​ជា​កេរ្តិតំណែល​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​បែបនេះ ដែល​ក្រុម​អ្នកច្បាប់​ប្រទេស​កម្ពុជា​ចង្អុលមុខ​រិះគន់ថា​៖ មិនគួរ​លើកលែង​អោយ​ជន​ឈ្មួញ​ទុច្ចរឹត​រូប​នោះ​ទេ ! ៕
​ដោយ ស ជាតិ​

 

bokor boko2 sokkong2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


+ 4 = eleven

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!