0

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ជំហរ​ជាថ្មី ថា ៖ នឹង​ទៅ​ប្រជុំ​កំពូល​អាស៊ាន អូស្ដ្រាលី បើទោះបីជា​មាន​ការ​គំរាម​ពី​សំណាក់​ខ្មែ​បាតុករ ក៏ដោយ !

ពី​រាជធានី​ភ្នំពេញៈ  ថ្មីៗ​បុរស​ខ្លាំង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​អះអាង​ជា​ថ្មី​ថា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​-​អូស្ត្រាលី (ASEAN-Australia Special Summit ) ដែល​គ្រោង​ធ្វើឡើង​ក្នុង​ប្រទេស​អូស្ត្រាលី នា​ពាក់កណ្ដាល​ខែ​មីនា នេះ ខណៈ​ប្រមាណ​ជាង​សប្ដាហ៍​មុន ។ ហើយ​បុរស​ខ្លាំង លោក​បាន​ព្រមាន​ធ្វើពហិការ ឬ​ទាត់ចោល​សេចក្ដីថ្លែងការណ៍​រួម របស់​កិច្ចប្រជុំ​កំពូល នៃ​ទីក្រុង ស៊ីន​នី អូស្ត្រាលី​ ​ពី​ចន្លោះ​ថ្ងៃទី ១៧ ដល់ ១៨ ខែ​មីនា​នេះ​។​

​តាម​ក្នុង​ឱកាស​ចូលរួម​កាត់​ឫស​សីមា​ព្រះវិហារ និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​សមិទ្ធផ​ល​នានា​នៅក្នុង​វត្ត «​ជ័យ​មង្គល​» ស្ថិតក្នុង​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ដោយ​បុរស​ខ្លាំង ហ៊ុន សែន អះអាងថា ៖ ការសម្រេចចិត្ត​ជា​ថ្មី​នេះ​ដើម្បី​ផ្តល់​កិត្តិយស​ឲ្យ​អូស្ត្រាលី ប៉ុន្តែ​លោក បានទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ទទួលខុសត្រូវ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ បើទោះបីជា​មាន​ការប្រមាថ​ដុត​រូបថត​របស់​លោក ពី​ក្រុម​និយម​ជ្រុល​ក៏ដោយ​។​

​បើ​តាម​ពលរដ្ឋ​អូស្ត្រាលី ដើមកំណើត​ខ្មែរ​បាន​ធ្វើការ​ប្រឆាំង​លោក ហ៊ុន សែន កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ថា ៖ បាន​ធ្វើ​ទីងមោង​ជា​រូប​លោក ហ៊ុន សែន ហើយ​ដុត​បំផ្លាញចោល​ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការព្រមាន​របស់​លោក ហ៊ុន សែន កាលពី​សប្តាហ៍​មុន​ដោយ លោក ហ៊ុន សែន បុរស​ខ្លាំង​ប្រទេស​កម្ពុជា​បាន​ផ្ញើរ​សារ​ថា​នឹង​តាម​វាយ​ដល់ផ្ទះ​ចំពោះ​នរ​ជន​ណា ? អ្នកណា​ដែល​បាន​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​មកលើ​លោក​។ លោក​ថ្លែងថា ៖ ជា​សារ​ឆ្លើយតប​គួរតែ​ចេះ​ប្រើ​សិទ្ធ​ដូចគ្នា​។​

​មិនតែប៉ុណ្ណោះ​បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​ថ្លែង​ត​ទៀតថា ៖  «​ដោយសារ​ប្រទេស​ផ្សេងៗ​ទៀត​រួមមាន​ជប៉ុន ចិន កូរ៉េ និង​ឥណ្ឌា​ធ្លាប់បាន​ធ្វើ​កិច្ចប្រជុំ​ស្រដៀង​គ្នា​នេះ​រួច​មក​ហើយ ។ អ៊ីចឹង​ទេ យើង​គួរ​ផ្ដល់​ឱកាស​សម្រាប់​មេដឹកនាំ​អាស៊ាន​នៅលើ​ទឹកដី​អូស្ត្រាលី ប៉ុន្តែ​អ្នក​ដែល​មិន​យល់​នៅក្នុង​ប្រទេស​អូស្ត្រាលី​ខ្លួនឯង ដែល​ម្ខាង​ជា​សញ្ជាតិ​ខ្មែរ ម្ខាង​ជា​សញ្ជាតិ​របស់​អូស្ត្រាលី អត់​យល់​អំពី​អ្វី​ដែល​ហៅ​ថា​អាស៊ាន​» នោះទេ ! ។​

​លោក ថ្លែង​បន្តទៀតថា​៖ «​អាហ្នឹង​វា​ជ្រុល និង​ជា​ការប្រមាថ ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​និយាយ​ពី​ម្សិលមិញ ឆ្កែ​ខាំ​ជើង យើង​ទៅ​ខាំ​ជើង​ឆ្កែ​វិញ ក៏​វា​ពិបាក ឆ្កែ​ព្រូស យើង​ព្រុស​ឆ្កែ​វិញ​ក៏​វា​ពិបាក ព្រោះ​វា​អ៊ីចឹង បាន​វា​អ៊ីចឹង​នោះ​ខ្ញុំព្រះករុណាខ្ញុំ មិនមែន​ជា​អ្នកបង្កើត​រឿង​បង្កើត​រ៉ាវ​ទេ​» ។​
​តាម​លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ត​ថា ៖ រដ្ឋាភិបាល​អូស្ត្រាលី ត្រូវតែ​មាន​ការទទួល​ខុស​ត្រូវ​ចំ​ពោះ​ថ្នាក់ដឹកនាំ​របស់​កម្ពុជា ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឯករាជ្យ អធិបតេយ្យ​មួយ​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ហើយ​កម្ពុជា​ក៏​ជា​សមាជិក​អាស៊ាន ដែរ​។​

​បុរស​ខ្លាំង​លោក ហ៊ុន សែន ថ្លែង​ដដែល​ថា ៖  « មិនមែន​ខ្ញុំ​ព្រះករុណា​ខ្ញុំ ត្រូវ​តែ​ជិះ​តាក់ស៊ី​ទេ ជិះឡាន​ដាក់​ទង់ជាតិ បើ​ប្រទេស​ណា​ជិះឡាន ដាក់​ស្អី គឺ​ដាក់​ដូចគ្នា ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឯករាជ្យ អធិបតេយ្យ​មួយ ហើយក៏​ជា​សមាជិក​អាស៊ាន ផងដែរ គឺ​មាន​សិទ្ធិ​ដូចគ្នា ។ ហើយ​បើ​អាស៊ាន​មានតែ ៩ គឺ​មិន​ហៅ​ថា​អាស៊ាន​ទេ ! ហើយ​បើសិនជា​អាស៊ាន កម្ពុជា​ប្រឆាំង​ជំទាស់​នឹង​ការ​ចេញ​សេចក្ដីថ្លែងការណ៍ ថ្លែង​ការ​ណាមួយ​ក៏​វា​ទៅ​មិន​រួច​ដែរ​»​។​

​បុរស​ខ្លាំង​លោក​បន្ថែម​ទៀត​ថា ៖  « សង្ឃឹម​ថា​រដ្ឋាភិបាល ហើយ​រឿង​នេះ​រដ្ឋាភិបាល គេ​អញ្ជើញ ហើយ​ម្យ៉ាងទៀត​មុន​នឹង​អញ្ចើញ គេ​មក Lobby ខ្ញុំព្រះករុណាខ្ញុំ ថា​សូម​ឲ្យ​គាំទ្រ​ចំពោះ​ការប្រជុំ​លើ​ដែនដី អូស្ត្រាលី ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​រវាង​អូស្ត្រាលី​ជាមួយ​កម្ពុជា ។ ហើយ​ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​បែរ​ជា​លើក​គំនិត​ថា​សូម កុំ​អញ្ជើញលោក ហ៊ុន សែន ទៅ បើ ហ៊ុន សែន មិន​ទៅ​ទេ គឺ​មានន័យថា ៖ អាស៊ាន វា​អត់​ទៅ​ដែរ ហើយ​ពេល​ហ្នឹង​អូស្ត្រាលី​គួរតែ​អរគុណ ហ៊ុន សែន ទៅវិញ​ទេ ! ដែល ហ៊ុន សែន គាំទ្រ សម្រាប់​ការប្រជុំ​រំឭក​ខួប​អនុស្សាវរីយ៍​ក្នុង​ប្រទេស​អូស្ត្រាលី​» ។​

​ដោយឡែក បញ្ហា​នេះ​ដែរ ទោះជា​យ៉ាងណា​ក៏ដោយ​តំណាងរាស្ត្រ​អូស្ត្រាលី​លោក Mark Dreyfus បាន​ថ្លែង​ប្រាប់​កាសែត​ក្នុងស្រុក « ភ្នំពេញ​ប៉ុស្តិ៍​ថា​ប្រទេស​អូស្ត្រាលី មាន​ប្រវត្តិ​ប្រកាន់​ជំហរ​បញ្ចេញមតិ​រឿង​នយោបាយ​យ៉ាង​ក្លៀវក្លា​បំផុត  ហើយ​នៅពេល​ដែល​លោក ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​សប្តាហ៍​មុន​បាន​គំរាម​ថា នឹង​ទៅ​វាយ​ជនជាតិ​អូស្ត្រាលី​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅក្នុង​ទីក្រុង​ស៊ីដ​នី នៅ​ខែ​ក្រោយ គឺ​គាត់​ត្រូវបាន​ពលរដ្ឋ​អូស្ត្រាលី​ជា​ច្រើន​ពាន់​នាក់​ថ្កោលទោស ដែល​មាន​ទាំង​អ្នក​នៅ​ក្នុង​សហគមន៍​ខ្មែរ​អូស្ត្រាលី និង​អ្នក​មក​ពី​ខាង​សហគមន៍ ផ្សេងៗ​ផងដែរ​។​

​លោក​បន្តថា ៖  « សូម​ឱ្យ​ខ្ញុំ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ៖ នៅពេលដែល​លោក ហ៊ុន សែន នៅ​បន្ត​ចាប់ខ្លួន​សមាជិក​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ដាក់ពន្ធនាគារ ។ ហើយ​នៅពេល​លោក ហ៊ុន សែន នៅតែ​បន្ត​រំលោភ​សិទ្ធិមនុស្ស​ហើយ​នៅពេលដែល​លោក ហ៊ុន សែន នៅតែ​បន្ត​គាបសង្កត់​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ គឺ​ពលរដ្ឋ​អូស្ត្រាលី​ដែលមាន​ទាំង​ជនជាតិ​ខ្មែរ​សញ្ជាតិ​អូស្ត្រាលី និង​សមាជិក​គណបក្ស​ពលករ​ផងដែរ​នឹង​ធ្វើ​ការរិះគន់​គាត់​ជា​ប្រាកដ​»​។​

​លោក​ថ្លែងថា ៖ « ខ្ញុំ​មិន​អាច​ឈរ​មើល​បាន​ទេ​នៅពេលដែល​លោក ហ៊ុន សែន បាន​គំរាមកំហែង​ធ្វើបាប​សមាជិក​សហគម​ន៍​ខ្មែរ​អូស្ត្រាលី​ដែល​ជា​សហគមន៍​ដ៏​មាន​មោទនភាព​មួយ​ក្នុងនាម​ជា​ពលរដ្ឋ​អូស្ត្រាលី​ដែល​ពួកគេ​នឹង​ឈរ​យ៉ាង​រឹងមាំ​ប្រឆាំង​នឹង​ការបំភិតបំភ័យ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​របប​លោក ហ៊ុន សែន​» ។​

​លោក​បញ្ជាក់ទៀតថា ៖ នៅពេលដែល​លោក ហ៊ុន សែន មក​ដល់​ទីក្រុង​ស៊ីដនី គាត់​ត្រូវ​រំពឹងថា នឹង​មាន​ក្រុមអ្នកតវ៉ា​ពីព្រោះ​ប្រជាជន​អូស្ត្រាលី​មិន​អាច​ទទួលយក​ការបំភិតបំភ័យ​រឿង​នយោបាយ​បាន​ទេ ។ ហើយ​ប្រពៃណី​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​អូស្ត្រាលី​មានន័យថា ៖ ហ៊ាន​និយាយ​។​

​លោក Mark ថ្លែងថា ៖ « ដូច្នេះ​ខ្ញុំ​អំពាវនាវ​ដល់​លោក ហ៊ុន សែន ឱ្យ​បញ្ចប់​ការគាបសង្កត់​អ្នកសារព័ត៌មាន និង​សកម្មជន​សិទិ្ធមនុស្ស​ហើយ​ត្រូវ​បន្ត​ធ្វើ​កំណែទម្រង់​ដែល​មាន​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​គោរព​សេរីភាព​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបា​លលោក Turnbull ឲ្យ​បញ្ជាក់​ពី​ចំណុច​ទាំង​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​រឹងមាំ​នៅពេល​នេះ​ក៏​ដូចជា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែរ » ៕

 

hsandausem

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× 3 = fifteen

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!