0

​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ គេ​ឃើញ​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក !

តាម​ប្រភព ពី​ក្រុម​កម្មករ​នៅ​ការដ្ឋាន​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង​បាន​អះអាង​ថា ៖ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​នៃ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​តែ​កើត​មាន​រូបភាព​ច្រើន ស៊ី​ឡាក​ឈើ​ចាស់​ក្រុមហ៊ុន បើ​ទោះបីជា​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​ចុះ​ស៊ើបអង្កេត​ក្ដី ក៏​ប៉ុន្តែ​រូបភាព​ទំនង​ដូចជា​ឆាកល្ខោន​បិទបាំង​ភ្នែក​ថ្នាក់លើ​ប៉ុណ្ណោះ​។

​ទោះយ៉ាងណា ប៉ុន្តែ​បញ្ហា​នោះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​សហការ ផ្តល់​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន ប្រសិនបើ​រក​ឃើញ​ពី​ភាពមិនប្រក្រតី​នៃ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​នោះ​ផងដែរ ។​

​ប្រភព​ក្រុមកម្មករ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ នៃ​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ឲ្យដឹង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ កន្លងមក និង​ពេល​ថ្មីៗ​នេះ​ទៀត​ថា ៖ ក្នុង​រយៈពេល​តែ​ជាង ២​សប្តាហ៍​ចុងក្រោយ​នេះ ជា​រៀងរាល់​យប់ មាន​រថយន្ត​សាំ​យ៉ុង​ចាប់ពី ១០ ទៅ ១៥ គ្រឿង​បាន​ធ្វើ​ការដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​យ៉ាងសកម្ម​បំផុត ចេញពី​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នៅពេល​យប់​ជាប្រចាំ​ផង​ដែរ​មកទល់ពេលនេះ ដោយ​គ្មាន​ជំនាញ​ថ្នាក់​ណាមួយ​ក្នុង​តំបន់​ហ៊ាន​ចេញ​មុខ​មក​ទប់ស្កាត់​សោះ ។​

​បើ​តាម​កម្មករ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យដឹងទៀតថា ៖ សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​បាត​អាង គឺ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​មន្ត្រី​អាវុធហត្ថ​ប្រចាំ​នៅ​តំបន់​នោះ យាមកាម​យ៉ាង​ហ្មត់ចត់​ទៀតផង ។

​មិនតែប៉ុណ្ណោះ​ប្រភព​ដដែល​បានបញ្ជាក់​ត​ថា ៖ រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​អាច​ផ្ទុក​ឈើ​ចាប់ពី ២ ម៉ែត្រគូប ទៅ ៤ ម៉ែត្រគូប ហើយ​ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំង​យ៉ុង​ដឹកជញ្ជូន​ចេញពី​តំបន់​នោះ​យ៉ាង​ហោច​ណាស់ ចាប់់ពី​១០ , ២០​គ្រឿង​ដែរ​៖ ដោយ​ដឹក​ចេញពី​ឃ្លាំង​ស្តុក​ឈើ តំបន់​បាត​អាង​ពី​ខាងជើង​ទន្លេ តែម្តង ។ ហើយ​ការដឹក​នេះ បើ​តាម​ការសង្កេត​មើល​ទៅ នៅតែ​មាន​ជា​កម្លាំង​មន្ត្រី​អាវុធហត្ថ គេ​តាម​យាមកាម និង​អម​រថយន្ត​ហ្នឹង​រហូត​។ គេ​តាម​ពីក្រោយ​រថយន្ត​សាំង​យ៉ុង​ហ្នឹង ។ ដែល​មាន​អត្ថន័យ​តាមឃ្លាំមើល​ការពារ ឫ​តាម​បិទគូទ​ការពារ​ក្បួន​ឡាន​ដឹក​បទល្មើស​ព្រៃឈើ​នោះ​អោយមាន​សុ​វត្ថ​ភាព​ទៅដល់​គោលដៅ​តែ​ម្ដង ។​

​ជុំវិញ​ភាព​អសកម្ម​ខាងលើ ប្រភព​ដដែល​បាន​បន្ថែមទៀតថា ៖ បច្ចុប្បន្ន​ឈើមូល​ដែល​នៅ​សេសសល់ ប្រមាណ ៣​ពាន់​ម៉ែត្រគូប ដែល​ឋិត​ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ដែល​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង ដឹក​មក​ស្តុក​ទុក ច្រើន​ខែ​មក​ហើយ នោះ​គឺ​មាន​មន្ត្រី​អាវុធហត្ថ យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ។ ហើយ​ដែល​ផ្ទៃ​ក្នុង​ប្រភព​ថា ៖ ផ្នែក​ខ្លះ​តាម​បណ្ដោយ​ទន្លេសេសាន ក៏​មាន​ការ​លួច​កាប់រំលំ​ឈើមូល​ដឹកជញ្ជូន​ចូល​ការដ្ឋាន ក្រុមហ៊ុន​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នេះ​ដែរ​៖​ក្នុង​រូបភាព​បន្លំ​អោយទៅជា​ឈើ​របស់​ក្រុមហ៊ុន «​ការ​អារឈើ និង​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​អម​សងខាង​ទំនប់​ខាងជើង និង​ខាងត្បូង​នៅតែ​កើតមាន​ជា​ហូរហែរ ។ ហើយ​ដែល​បញ្ហា​នេះ​ជា​ការបំពាន យ៉ាង​ងងើល​បំផុត ដែល​ច្បាប់​ជា​អ្នក​ហាម​ចេះតែ​ហាម​ទៅ ឯ​អ្នក​ធ្វើ​ល្មើស​ច្បាប់​ចេះតែធ្វើ​ទាំង​បំពាន​ទៅលើ​ច្បាប់  ។ ប្រសិន​ជា​គ្មាន​ការដាក់ទោស​ទៅលើ​ក្រុមអ្នកមានអំណាច​ឧកញ៉ា​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ស្និទ្ធៗ ក្រោម​ឃ្លៀក​នាយករដ្ឋមន្ត្រី ទេនោះ ! ។​

​គួរបញ្ជាក់​ថា ៖ ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ផ្ទៃដី ៣៦.០០០ ហិកតារ ឋិត​ក្នុង​ស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associate Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២ ដែល​ចំណាយ​ទឹក​លុយ​ស្ដារបាត​អាង​ខាងលើ​ប្រមាណ​ជាង​៧០​លាន​ដុល្លារ​។​

​ថ្មីៗ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភ​ក្ត្រា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ៖ សូម​ឲ្យ​ពលរដ្ឋ​ផ្តល់ព័ត៌មាន​ជាក់លាក់ ទៅ​មន្ត្រី​បរិស្ថាន ដែល​ប្រចាំការ​នៅ​តំបន់​នោះ ឬ​ក៏​ធ្វើ​របាយការណ៍​មក​ក្រសួង​បរិស្ថាន ប្រសិនបើ​រក​ឃើញ​ភាពមិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​នៅ​តំបន់​បាត​អាង​។

​លោក​បញ្ជាក់ថា ៖ មន្ត្រី​បរិស្ថាន​បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជា​មួយ​ពលរដ្ឋ​៖ «​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ទាំងអស់​នេះ គឺ​សូម​បន្ត​សហការ ជាមួយ​មន្ត្រី​ឧទ្យានុ​រក្សរ​បស់​យើង ហើយ​របាយការណ៍​ជា​លាយ​លក្ខ​អក្សរ ជា​រូបភាព ពេល​ដែល​មាន​បញ្ហា​ហ្នឹង គឺ​សូម​ជួប​ផ្ទាល់​នៅ​មន្ត្រី​ដែល​ឈរជើង​នៅ​មូលដ្ឋាន​នោះ​តែម្ដង ដើម្បី​ចាត់វិធានការ ។ សម្រាប់​មន្ត្រី​ក្រសួង​បរិស្ថាន យើង​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​កិច្ចសហការ​»​។​

​ពាក់ព័ន្ធ​បញ្ហា​នោះ​ដែរ​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក ( ADHOC ) លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា ៖ បើទោះបីជា​មាន​ការព្រមាន និង​បទបញ្ជា ឲ្យ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ជា​ច្រើន​សា​ក្តី ក៏​ប៉ុន្តែ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ មិន​បាន​អនុវត្ត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ។

​លោក​បន្តថា ៖ ការ​មិន​អនុវត្ត​ច្បាប់​ព្រៃឈើ បាន​ក្លាយជា​ជំងឺមហារីក​ធ្ងន់ធ្ងរ​ក្នុង​សង្គម ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ដែល​ទទួលខុសត្រូវ​រឿង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅ​តែ​ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃ​ដដែលៗ ធ្វើឲ្យ​ធនធាន​ធម្មជាតិវិនា​សមហន្តរាយ​៖ «​ប្រសិនជា សម្ដី​ថ្នាក់ដឹកនាំ បញ្ជា​ចោល ហើយ​ថា ចោល​ដោយ​ពុំ​មាន​ទោសពៃរ៍ មិន​អាច​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​បាន​ទេ​។ ជា​គំរូ​ក្នុង​សង្គម​អ្នកណា​ហ៊ាន​អ្នកនោះ​ក្លាយ​ជា​ឧកញ៉ា និង​មន្ត្រីជាន់ខ្ពស់ ។ អ៊ីចឹង​មិនមែន​មានន័យថា ការព្រមាន និង​បទបញ្ជា ធ្វើឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ខ្លាច​ទេ »​។​

​ថ្មីៗ​នេះ​កន្លង​ទៅ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ទទួលស្គាល់​ពី​ការកាប់​ឈើ​ពី​ខាងក្រៅ បន្លំ​ចូល​បាត​អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បិទទ្វារ​ទឹក​កម្ពស់ ៧០ ម៉ែត្រ​ជា​យូរ​មក​ហើយ​។ លោក​បាន​ស្នើឲ្យ​អាជ្ញាធរ​ជំនាញ​គួរពិនិត្យមើល​អាជីវកម្ម​នេះ​ឡើង​វិញ ក្រោយពី​លោក​ទទួលបាន​លិខិត​មួយច្បាប់ ទាក់ទិន​អាជីវកម្ម​ឈើ​នៅ​តំបន់​នោះ​៖ «​ខ្ញុំ​សួរ​ហាស សារ៉េត ទៅ​ប្រមូល​បាត​អាង​អី​ទៀត បើ​បាត​អាង​សល់​ទឹក ៧០ ម៉ែត្រ​។ វា​មិនមែន​សម្អាត​បាត​អាង វា​ទៅ​កាប់​ឈើ​នៅ​អី​ណាណី ថា​សំអាត​បាត​អាង​។ វា​រី​អគ្គិសនី​ធ្វើ​យូរហើយ នៅតែ​សំអាត​បាត​អាង​មិនទាន់​ចប់​»​។​

​ដោយឡែក​បញ្ហា​នោះ​ដែរ ក្រុម​ប្រជាពលរដ្ឋ NGO និង មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញថា ៖  សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​តំបន់​ឆ្ងាយ រួច​បន្លំ​ចូល​បាត​អាង​បាន​កើតមានឡើង​ជា​ប្រព័ន្ធ​ច្រើន​ឆ្នាំ​មកហើយ នៅ​ពុំទាន់​មាន​ស្ថាប័ន​ជាតិ​ណា​មួយ​បង្ហាញ​ជំហរ​ច្បាស់លាស់​ស៊ើបអង្កេត​ឲ្យមាន​ការទទួលខុសត្រូវ​នោះ​ទេ​មកទល់ពេលនេះ ដោយសារ​តែ​ក្រុម​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​ទាំងនោះ​ភាគច្រើន​ជា​មន្ត្រី​អ្នកមានអំណាច ឧកញ៉ា ស្និទ្ធ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូចជា​លោក​ឧកញ៉ា គិត ម៉េង ជាដើម ដែល​គេ​មិន​សង្ឃឹមថា ៖ កា​អនុវត្ត​ច្បាប់​ក្រោម​ឃ្លៀក​របស់​លោកនាយ​ករដ្ឋ អាច​មាន​ប្រសិទ្ធិភាព​ទៅលើ​ក្រុម​ឧកញ៉ា​បទល្មើស​ព្រៃឈើ​មួយចំនួន​នោះ មាន​ប្រសិទ្ធិភាព​នោះទេ ! ៕​

 

ouch-leng woodsesan

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


+ 2 = five

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!