0

​យន្ត​មីន​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ជម្រឹត​បង្ខំ​ឲ្យ​ម្ចាស់​ដី បង់លុយ ៤​ដុល្លារ ក្នុង ១​ម៉ែត្រការ៉េ ដោយ​យក​លេស​ថា “ ចូលរួម​បរិច្ចាគ បដិភាគ ”

​ភ្នំពេញ​៖ ថ្មីៗ​ចៅហ្វាយខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​បញ្ជា​ឲ្យ​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និ​និង​សុរិយាដី​ខេត្ត​ព្រះ​សី​ហុន យក​លុយ​ពី​ប្រជាពលរដ្ឋ ដោយ​គ្មាន​គោលការណ៍​ច្បាស់លាស់ តាមរយៈ​ការទទួលយក​វិញ្ញាបនបត្រ​សម្គាល់​លើ​ម្ចាស់​អចលនវត្ថុ ឬ​ប្លង់រឹង ដោយ​គិត​តម្លៃ ៤​ដុល្លារ​អាមេរិក ក្នុង ១​ម៉ែត្រការ៉េ​។ លុយ​បន្ថែម​ផ្លូវការ​នេះ ត្រូវបាន​លោក យន្ត មីន លើកឡើងថា ដើម្បី​យក​ទៅ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ ផ្លូវ​ព័ទ្ធជុំវិញ​បឹង និង​រក្សា​ចំណី​ផ្លូវ​ប្រវែង ១០​ម៉ែត្រ សងខាង បណ្តាញ​លូ​បង្ហូរ ដោយ​ដាំ​ដើមឈើ​ការពារ​បរិស្ថាន​មាត់​បឹង​ព្រែក​ទប់​។ បឹង​ព្រែក​ទប់ ដែល​ត្រូវបាន​កាត់​ផ្ទៃដី​ទំហំ ១១,៥០​ហិកតា ឲ្យ​ឯកជន ចាក់ដី​លុប ដើម្បី​អភិវឌ្ឍន៍​។​

​លោក ចៅហ្វាយខេត្ត​ព្រះសីហនុ យន្ត មីន បាន​ឲ្យ​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ព្រះសីហនុ ធ្វើជា​តំណាង​រដ្ឋបាល​ខេត្ត្ត ដើម្បី​យក​ថវិកា​ពី​ម្ចាស់​ដី ដោយ​អះអាង​ថា ប្រជាពលរដ្ឋ​បាន​ចូលរួម​បរិច្ចាគ​ថវិកា ហើយ​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ ដោយ​មាន​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ លោក យន្ត មីន បាន​លើក​ហេតុផល​ថា ការ​យក​លុយ​ពី​ពលរដ្ឋ​ម្ចាស់​ដី​ខាងលើ ដោយ​ចាត់ទុកថា ជា​ការបរិច្ចាគ​របស់​ម្ចាស់​ដី​នេះ ព្រោះតែ​ខេត្ត ត្រូវ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​បឹង​ព្រែក​ទប់ ដូចជា ទំនប់ ផ្លូវ​ព័ទ្ធជុំវិញ​បឹង ក៏ដូចជា ការរៀបចំ​ដី​ចំណីផ្លូវ បណ្តាញ​លូ​បង្ហូរទឹក និង​ការដាំ​ដើមឈើ​ការពារ​បរិស្ថាន​មាត់​បឹង ជាដើម​។​

​តាម​លិខិត លោក​ចៅហ្វាយខេត្ត យន្ត មីន បាន​លើកឡើង​ថា “​បច្ចុប្បន្ន ផ្ទៃ​បឹង​ព្រែក​ទប់ ត្រូវបាន​ប្រែប្រួល​តាម​ស្មារតី​អនុក្រឹត្យ លេខ ២៣ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី ការ​កាត់​ផ្ទៃដី​ទំហំ ១១,៥០ ហិកតា ( ដប់​មួយ​ហិកតា និង​ហាសិប​អា ) ចេញពី​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ ក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ផ្ទុយទៅវិញ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​នៅតែ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ប្រព័ន្ធ​លូបង្ហូរទឹក សម្រាប់​កិច្ចការ​បរិស្ថាន​។ ដូច្នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ស្មើ​លោក​ប្រធាន​មន្ទីរ រៀបចំ​ចាត់ចែង ក៏ដូចជា ណែនាំ​ដល់​ម្ចាស់​ក្បាលដី​ទាំងអស់ នៅក្នុង​តំបន់​បឹង​ព្រែក​ទប់ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ទទួលយក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ត្រូវ​ចូលរួម​បរិច្ចាគ​ជា​ថវិកា ចំនួន ៤​ដុល្លារ​/m² ( បួន​ដុល្លារ​សហរដ្ឋអាមេរិក​គត់ ក្នុង​ដី​មួយ​ម៉ែត្រការ៉េ ) និង​អនុញ្ញាត​ឲ្យ​មន្ទី​ររៀប​ចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ តំណាង​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការទទួលយក​ថ​វិកា ដែល​ម្ចាស់​ដី​បរិច្ចាគ​ដោយ​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ​”​។​

​យោង​ក្នុង​លិខិត​ដដែល លោក យន្ត មីន បាន​គូសបញ្ជាក់ថា “​អាស្រ័យហេតុនេះ សូម​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ជ្រាប និង​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​ឲ្យទទួល​បាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​”​។​ក៏ប៉ុន្តែ​ការបង្គាប់បញ្ជា​របស់​លោក​យន្ត​មីន ទៅកាន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ដើម្បី​យក​លុយ ៤​ដុល្លារ​អាមេរិក ក្នុង​ដី ១​ម៉ែត្រការ៉េ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណមតិ បាន​ចោទ​ជា​សំនួរ​ថា តើ​លោក​យន្ត​មីន យក​លុយ​ពី​ប្រជាពលរដ្ឋ​នោះ ពិត​ជា​យក​ទៅ​ប្រើប្រាស់ ក្នុង​គោលដៅ ដូច​បាន​កំណត់​ដែរ ឬទេ​? អ្នកណា​ជា​អ្នកគ្រប់គ្រង​? គ្រប់គ្រង​ដោយ​របៀប​ណា​? ហើយ​ធានា​សុវត្ថិភាព​លុយ​នោះ ក្នុង​ការអនុវត្ត​ដែរ ឬទេ​?​។​

​តាម​មតិ​ដដែល​បាន​បន្តថា ប្រជាពលរដ្ឋ​បាន​បង់ពន្ធ​គ្រប់គ្រាន់​ហើយ​។ បង់ពន្ធ​រាល់​ឆ្នាំ និង​បង់ពន្ធ​គ្រប់​គ្នា​អស់​ហើយ តើ​លុយ​ទាំងអស់នោះ យក​ទៅ​ណា​? ដី​លក់​កាត់ឈ្មោះ និង​បង់ពន្ធ​រួចរាល់​អស់ហើយ តើ​លុយ ៤​ដុល្លារ យក​បន្ថែម​នេះ មាន​គោលការណ៍​មកពីណា​? ហើយ​សេវា​បន្ថែម​នេះ កើត​ចេញ​មក​ពី​ណា​? សេវា​នេះ បង្កើតឡើង​ដោយ​សាលាខេត្ត ឬ​បង្កើតឡើង​ដោយ​រដ្ឋ​?​។​

​មិនតែប៉ុណ្ណោះ ប្រភព​ប្រជាពលរដ្ឋ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែលជា​អតីត​មន្ត្រីរាជការ បាន​លើកឡើង​ថា ៖ រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ ក្នុង​ខេត្ត​ព្រះសីហនុ ជា​ថវិការ​របស់​ខេត្ត ព្រោះ​ខេត្ត​ត្រូវបាន​ផ្តល់ឲ្យ​ដោយ​រដ្ឋាភិបាល​នូវ​ខ្ទង់ចំណាយ​ទាំងអស់នេះ ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​ត្រូវ​មក​យក​លុយ​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ផ្ទះ​នោះឡើយ ។ បញ្ហា​នេះ​ដែរ​ភាគី​លោក​អភិបាលខេត្ត​ព្រះសីហនុ​មិនអាច​សុំការ​ទំនាក់ទំនង​បាន​ទេ​ដោយ​មិន​លើក​ទូរស័ព្ទ ៕

 

img181213a1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


8 × = forty

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!