0

​សហគមន៍​ព្រៃ​ឡង់​ថា ៖ ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​ព្រៃឈើ​យ៉ាង​កក្រើក​ឡើងវិញ !

តាម​ក្រុម​សហគមន៍​ព្រៃ​ឡ​ង់ និង​សកម្មជន​បរិស្ថាន អះអាងថា​៖ ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ (Angkor Plywood) ដែល​ទទួល​សិទ្ធិ​បើក​រោងចក្រ​អារច្រៀក​ឈើ​បន្ត ពី​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក (Think Biotech Cambodia) បាន​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ នៅជាប់​តំបន់​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​។ ហើយ​សហគមន៍​ថា ៖ ក្រុមហ៊ុន​នេះ បាន​ទទួល​ទិញ​ឈើ​ពី​ក្រុម​ពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​ជួល​កម្មករ​កាប់ និង​ដឹកជញ្ជូន​ឈើ​ក្នុងព្រៃ​ឡង់​មក​លក់​ឱ្យ​ខ្លួន​។​

​ឆ្លើយតប​បញ្ហា​នោះ សហគមន៍​ព្រៃ​ឡ​ង់ និង​សកម្មជន​បរិស្ថាន ក៏​បាន​អំពាវនាវ​ជាថ្មីទៀត ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ស៊ើបអង្កេត​ឡើងវិញ ពី​ភាពមិនប្រក្រតី របស់​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ និង​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដែល​ពួកគេ​ចោទថា ក្រុមហ៊ុន​ទាំង​នេះ មាន​មហិច្ឆតា​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​។​

​មកដល់ពេលនេះ​សមាជិក​សហគមន៍​ព្រៃ​ឡ​ង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ ឱ្យដឹង​នៅ​ថ្ងៃទី​១ ធ្នូ​ថា ៖ ក្រុមហ៊ុន​អង្គរ ប្លាយ​វូដ និង​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ឡើងវិញ នៅ​តំបន់​ព្រៃ​ឡង់ ជាង ២​សប្តាហ៍​មក​ហើយ ដោយ​មាន​រថយន្តស្ទូច អា​រ៉េវ ឬ​រថយន្ត​ប៉ា​កុង​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើមូល​ធំៗ ចូល​រោងចក្រ​។​

​លោក​យឹម សុភ័ក្ត្រ​បន្តថា ៖ ក្រុមហ៊ុន​បាន​ឈូសឆាយ​ផ្លូវ​ចំនួន ៣​ខ្សែ ចូល​ក្នុង​តំបន់​ព្រៃ​ឡង់ ដើម្បី​ងាយស្រួល​ធ្វើ​អាជីវកម្ម​ឈើ​។

​ទន្ទឹមនឹងនេះ ឈើ​ដែល​កម្មករ​របស់​ក្រុមហ៊ុន​កំពុង​កាប់ ឋិត​នៅ​ចំណុច អូរ​ជុំ​ហួយ អូរ​ស្ងួត​លើ និង​អូរ​ស្ងួត​ក្រោម ព្រោះ​តំបន់​ទាំងនោះ មាន​នៅ​សេសសល់​ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នកស្រុក​ច្រើន​ដែល​មាន​ការបាត់បង់​។​

​មិន​តែប៉ុណ្ណោះ​ឯ​សមាជិក​សហគមន៍​ព្រៃ​ឡ​ង់ ខេត្ត​ក្រចេះ លោក វ៉ន ត្រៃ សង្កេតឃើញថា ពលរដ្ឋ​មូលដ្ឋាន​មួយចំនួន បាន​ស៊ីឈ្នួល​កាប់​ឈើ ក្នុងព្រៃ​ដឹក​លក់​ឱ្យ​ក្រុមហ៊ុន ដើម្បី​រក​ប្រាក់​កម្រៃ ដែល​ជាហេតុ​ធ្វើឱ្យ​ព្រៃ​ឡង់ នៅតែ​បន្ត​បាត់បង់​ដើមឈើ​ធំៗ​។ លោក​បារម្ភ​ថា វត្ត​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ជាប់​ព្រៃ​ឡង់ បង្ក​ហានិភ័យ​ខ្ពស់ ពី​ជោគវាសនា ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ ស្របពេល​ដែល​សហគម​ន៍​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទាំងនោះ​ទេ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នោះ​ដែរ​ការិយាល័យ​យើង​មិន​ទាន់​អាចទាក់ទង​បំភ្លឺ​ពី​លោក តំណាង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ និង​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក បាន​ទេ​ក្នុង​ថ្ងៃនេះ ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ ។

​ផ្ទុយ​ទៅ​វិញ​រីឯ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុ​ឌ្ឍី ក៏​មិន​លើក​ទូរ​សព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ​។​

​ចំណែក អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី មានប្រសាសន៍ថា ៖ ឱ្យតែ​បទល្មើស គណៈកម្មការ​ជាតិ​នឹង​មាន​វិធានការ​ច្បាប់​ទាំងអស់​។ ហើយ​លោក​ក៏​បាន​ជម្រុញ​ឱ្យ​សហគមន៍​ព្រៃ​ឡង់​ដាក់​បណ្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ជាតិ​ផងដែរ​។

​បើ​តាម​សកម្មជន​បរិស្ថាន លោក ហេង ស្រស់ បាន​ថ្លែង​សង្កេតឃើញថា ដើមឈើ​ធំៗ បន្សល់​ចុងក្រោយ នៅក្នុង​តំបន់​ព្រៃ​ឡង់ កំពុង​ទទួល​រង​ការ​កាប់រំលំ ធ្វើ​អាជីវកម្ម​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​នេះ ជាង ២​សប្តាហ៍​មក​ហើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ទេ ដើមឈើ​ធំៗ ជាពិសេស​ដើម​ច្បោះ​ជ័រ​ទឹកនឹង​ហិន​ហិច​អស់​មិន​ខាន​។

​លោក ហេង ស្រស់ សង្ស័យថា គណៈកម្មការ​ជាតិ អាជ្ញាធរខេត្ត និង​ក្រសួង​ពាក់ព័ន្ធ​ហាក់​មាន​ចេតនា​បើកដៃ​ឱ្យ​ក្រុមហ៊ុន​នេះ កាប់បំផ្លាញ​ព្រៃឈើ​ក្នុងព្រៃ​អភិរក្ស និង​ដើមឈើ​ផលិត​ជ័រទឹក​របស់​អ្នក ស្រុក​បង្ហើយ​ចុងក្រោយ នៅ​រដូវប្រាំង​នេះ​។ លោក​គិត​បន្តថា ៖ មហិច្ឆតា​របស់​ក្រុមហ៊ុន គ្រោង​លេប​ត្របាក់​ឈើមូល​ធំៗ ទាំងអស់​នៅ​តំបន់​ព្រៃ​ឡ​ង់ ក្នុង​ខេត្ត​ចំនួន​៤ រួមមាន ព្រៃ​ឡង់​ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​ព្រះវិហារ​បង្ហើយ​អោយអស់ ក៏​អាច​ថា​បាន​។​

​យោង​ករណី​ខាង​លើ​សកម្មជន​បរិស្ថាន​រូប​នេះ​បន្ថែម​ថា​៖ ថ្មីៗ នេះ ក្រុមហ៊ុន​បាន​គាស់​ឈើ ដែល​កប់​ក្នុង​ដី​មក​អារច្រៀក​ធ្វើ​អាជីវកម្ម និង​កំពុង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើ​យ៉ាង​មមាញឹក ដើម្បី​លក់​ចេញ​ទៅ​ក្រៅប្រទេស​។​ហើយ លោក ក៏​បាន​អំពាវនាវ​ឱ្យ​ម្ចាស់ជំនួយ អភិរក្ស​ព្រៃ​ឡ​ង់ គួរតែ​ពិនិត្យ​មើល​ឡើង​ករណីនេះ និង​ត្រូវ​ទម្លាក់​ការទទួលខុសត្រូវ​មួយ​ផ្នែក ទៅ​ក្រសួង​បរិស្ថាន ដែល​មាន​ភារកិច្ច​អភិរក្ស​ព្រៃ​ឡង់​យ៉ាង​ចំ​មុខ​នោះ ។​

​គេ​នូវ​ចាំបាន​ថា កាលពី​ខែ​មិថុនា ឆ្នាំ​២០១២ ក្រសួង​កសិកម្ម បាន​ផ្ដល់​សិទ្ធិ​ឱ្យ ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក វិនិយោគ​ដំណាំ​ឧស្សាហកម្ម អាកាស្យា ឬ​ស្ថានីយ ស្ដារ​ព្រៃឈើ​ឡើងវិញ លើ​ផ្ទៃដី​ចំនួន​ជាង ៣​ម៉ឺន ៤​ពាន់​ហិកតារ (៣៤.០០៧) ឋិត​នៅក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ទឹកដី​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក (Think Biotech) បាន​ផ្ទេរសិទ្ធិ​បើក​រោងចក្រ​អារឈើ​ទៅឱ្យ​ក្រុមហ៊ុន អង្គរ ប្លាយ​វូដ (Angkor Plywood) កាលពី​ចុងឆ្នាំ​២០១៨​។​

​ដោយឡែក​ក្រុម​សហគមន៍​ព្រៃ​ឡ​ង់ ក៏​បាន​រាយការណ៍​ថា ៖ ក្រុមហ៊ុន​ទាំង​នេះ មាន​មហិច្ឆតា​ធ្វើ​អាជីវកម្ម​ឈើ​ខ្នាត​ធំ និង​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន​តាម​ផ្លូវទឹក ហើយ​ខណៈ​កន្លងទៅ សកម្មជន​បរិស្ថាន​បាន​ទៅ​ដល់​ការដ្ឋាន​ក្រុមហ៊ុន​នេះ ប្រទះឃើញ ឈើមូល​ធំៗ រាប់រយ​ម៉ែត្រគូប ត្រៀម​ដឹក​ចេញ​ក្រៅ ដែល​ភាគច្រើន​ជា​ប្រភេទ​ឈើទាល និង​ត្រាច ដែល​អ្នកស្រុក​ដុត​យក​ជ័រទឹក​លក់​ចិញ្ចឹមជីវិត ៕
​ដោយ ស្ទាំង ស ស្ទាំង ខ្មៅ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


one + 7 =

© 1000 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!